កាលបរិច្ឆេទ: ១០ កុម្ភៈ ២០២៥ / កសិកម្ម / Author : ATH Sokren
យុទ្ធនាការផ្សព្វផ្សាយការប្រកួតប្រជែងដណ្តើមពានរង្វាន់ត្នោតមាស ឬ Thnot d’Or ទៅកាន់និស្សិតផ្នែកក្សេតសាស្រ្ត និងផ្នែកផលិតចំណីអាហារត្រូវបានធ្វើឡើងដោយមូលនិធិគីណាល់កាលពីខែមករា។ «ការកែច្នៃផ្លែស្វាយប្រកបដោយនវានុវត្តន៍ ព្រមទាំងសិក្សាបច្ចេកទេសលើសង្វាក់ផលិតទីផ្សារ» គឺជាប្រធានបទសម្រាប់ពានរង្វាន់ឆ្នាំ២០២៥ ដែលគោលបំណងសំខាន់ គឺជំរុញលើកទឹកចិត្តនិស្សិតផ្នែកនេះឱ្យខិតខំស្រាវជ្រាវច្នៃប្រឌិតដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍជនបទ និងឯករាជ្យភាពផ្នែកចំណីអាហារនៅកម្ពុជា។
យុទ្ធនាការនេះធ្វើឡើងនៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន១០នៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត។ ពីថ្ងៃទី២០ដល់ថ្ងៃទី២៧ មករា ឆ្នាំ២០២៥ ក្រុមការងាររបស់មូលនិធិគីណាល់បានចុះទៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកទេសកម្ពុជា វិទ្យាស្ថានជាតិកសិកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានសន្តប៉ូល វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងសាកលវិទ្យាល័យអន្តរជាតិនៅទីក្រុងភ្នំពេញជាដើម។ និស្សិតប្រមាណជិត៨០០នាក់បានមកសួរព័ត៌មានទាក់ទងនឹងដំណើរការនៃការប្រកួតដណ្តើមពានរង្វាន់ត្នោតមាស។ ចំណែកឯវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលបានជំរុញជាពិសេសឱ្យនិស្សិតរបស់ខ្លួនចូលរួមប្រកួត ដោយបញ្ជាក់ថា គម្រោងស្រាវជ្រាវរបស់ពួកគេអាចចាត់ទុកជានិក្ខេបបទនៅដំណាច់ឆ្នាំបាន៕